បាត់ដំបង÷
អគ្គនាយក÷ អង្គភាពរដ្ឋាករទឹកបាត់ដំបង ការស្តារ និងសម្អាតអាងប្រព្រឹត្តកម្មទឹកស្អាត កែសម្រួលបច្ចេកទេសខ្លះៗ អំឡុងពេលនេះអតិថិជនមេត្តាជ្រាប និងយោគយល់។
លោក អ៊ុត ក្លឹង អគ្គនាយកអង្គភាពរដ្ឋាករទឹកបាត់ដំបង បានបញ្ជាក់ឲ្យដឹងថា÷ ចាប់ពីថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២៥ តទៅក្នុងអំឡុងរយ:ពេលខ្លីអង្គភាពរដ្ឋាករទឹកបាត់ដំបង បានលាងសម្អាតនៅតាមអាងប្រព្រឹត្តកម្មទឹកស្អាត និងកែសម្រួលលក្ខណ:បច្ចេកទេសមួយចំនួននៃប្រព័ន្ធផលិតកម្មដើម្បីធ្វើឲ្យប្រសើរឡើងនូវគុណភាពទឹកស្អាត ទឹកមានសុវត្ថិភាព និរន្តរភាព ធានាបរិមាណទឹកគ្រប់គ្រាន់ឆ្ពោះទៅចំពោះការឆ្លើយតប និងតម្រូវការរបស់អតិថិជនទាំងអស់។
យោងតាមភាពចាំបាច់មិនអាចខ្វះបាននេះអំឡុងពេលលាងសម្អាត កែសម្រួលបច្ចេកទេសប្រព័ន្ធផលិតកម្មខាងលើសេវាផ្គត់ផ្គង់ទឹកស្អាតអាចនឹងមានបញ្ហារអាក់រអួល សម្ពាធទឹកធ្លាក់ចុះខ្សោយខុសពីធម្មតានៅតាមទីតាំងខ្លះៗ និងមួយចំនួន។
លោក អ៊ុត ក្លឹង បន្តថា÷ សេចក្តីបញ្ជាក់ និងជូនដំណឹងខាងលើសូមឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ម្ចាស់ភោជនីយដ្ឋាន អាហារដ្ឋាន ផ្ទះសំណាក់ ម្ចាស់ការដ្ឋាន និងអតិថិជនទាំងអស់ដែលទទួលរងនូវផលប៉ះពាល់ដោយអន្លើរយ:ពេលខ្លីសូមជ្រាបជាព័ត៌មាន និងមេត្តាយោគយល់ដោយក្តីអនុគ្រោះ៕
អត្ថបទ: ចៅលោកតាក្រញូង








