បន្ទាយមានជ័យ÷
កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះឃាត់ខ្លួនជនជាតិថៃចំនួន ២នាក់ក្រោយបង្កបញ្ហាបាញ់សេរីនាំឲ្យមានការភ័យខ្លាចដល់សាធារណ:ជន។
កម្លាំងបង្ក្រាបបានឲ្យដឹងថា÷ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត សហការណ៍ជាមួយក្រុមការងារល្បាតព្រំដែន ក្នុងភូមិសាស្ត្រគ្រប់គ្រង នៅវេលារំលងអធ្រាតឈានចូល ថ្ងៃទី ២ ឈានចូលថ្ងៃទី ៣ ខែតុលា ឆ្នាំ២០២៥ នេះបានបើកការបង្ក្រាបភ្លាមៗនូវករណីបាញ់សេរី និងប្រើប្រាស់អាវុធដោយខុសច្បាប់បានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ព្រមទាំងដកហូតបានអាវុធខ្លីមួយដើម និងគ្រាប់មួយចំនួនផងដែរ។
ប្រភពពីកងរាជអាវុធហត្ថខាងលើបានឱ្យដឹងបន្តថា÷ ជនសង្ស័យដែលឃាត់ខ្លួនទាំង ២នាក់ឈ្មោះផាចារាក់ ខៅផូ ( PATCHARA KHAOPHO ) ភេទប្រុស អាយុ ២៧ឆ្នាំ ជាជនជាតិថៃ ម្ចាស់កាន់កាប់អាវុធប្រភេទ ស៉ិចសាយអឺ ( SIG SAUER ) ពណ៌ខ្មៅ លេខតួ ៦៦ A៩៨៦៥៩៤ រួមជាមួយគ្រាប់ចំនួន ១០គ្រាប់ និងសំបកគ្រាប់បាញ់រួចចំនួន ៤គ្រាប់ផ្សេងទៀត ចំណែកជនបង្កម្នាក់ទៀតឈ្មោះឡាំភុម រ៉ាត់តាណាក់កែវមន្នី ( RAMPUM RATTANAKAEWMANEE ) ភេទប្រុស អាយុ ២២ឆ្នាំ ជាជនជាតិថៃ ពួកគេស្នាក់នៅម្ដុំវត្តជាយដែន ស្ថិតក្នុងភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
បច្ចុប្បន្នជនសង្ស័យទាំង ២នាក់ កម្លាំងការិយាល័យជំនាញកំពុងបន្តនីតិវិធីតាមផ្លូវតុលាការ៕
អត្ថបទ: បន្ទាយមានជ័យ






