បាត់ដំបង÷
សមត្ថកិច្ចនាំខ្លួនពលករខ្មែរចំនួន ៣នាក់ប្រុងឆ្លងដែនចូលទឹកដីថៃតាមការអូសទាញរបស់មេខ្យល់ រីឯមេខ្យល់ជាមុខសញ្ញាកម្លាំងកំពុងស្រាវជ្រាវចាប់ខ្លួន។
ការបង្ក្រាបរបស់កម្លាំងជំនាញផ្នែកយុត្តិធម៌ អធិការដ្ឋាននគរបាលស្រុកសំពៅលូន សហការជាមួយកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ កម្លាំងវរសេនាតូចថ្មើរជើងលេខ៥៣៣ និងកម្លាំងផ្នែកសឹករងស្រុកសំពៅលូន នេះធ្វើឡើងនៅថ្ងៃទី ៩ ខែ តុលា ឆ្នាំ ២០២៥ ចំណុចមាត់អូរព្រំដែនកម្ពុជា-ថៃ ក្នុងក្រុមទី ១ ភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។
ពលករដែលកម្លាំងជំនាញនាំខ្លួនមានឈ្មោះពេជ្រ ដារិត ភេទប្រុស អាយុ ៣៨ ឆ្នាំ, ឈ្មោះយុក សូនី ភេទស្រី អាយុ ៣៨ ឆ្នាំ ជាប្តីប្រពន្ធ និងកូនម្នាក់ទៀតឈ្មោះពេជ្រ ជួនណាត់ ភេទប្រុស អាយុ ១២ ឆ្នាំ ទាំង ៣នាក់មានទីលំនៅក្នុងភូមិអូរស្ងួត ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចតំបន់ព្រំដែនបានបង្ហើបឲ្យដឹងថា÷ ក្រុមមេខ្យល់ដែលសកម្មកន្លងមកធ្លាប់ដើរឃោសនា និងធានានាំប្រជាពលរដ្ឋចូលទឹកដីថៃ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានជាបន្តបន្ទាប់រួមមាន: ឈ្មោះរឿម រិទ្ធ ហៅ ទូច ភេទប្រុស អាយុ ៤២ឆ្នាំ, ឈ្មោះអោ សំអុន ហៅ អូន ភេទប្រុស ២៧ ឆ្នាំ, ឈ្មោះចែម ហួរ ភេទប្រុស អាយុ ៣៧ ឆ្នាំ ទាំង ៣នាក់មានទីលំនៅ ភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង និងម្នាក់ទៀតមិនទាន់ឃាត់ខ្លួនបានមានទីលំនៅភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ដដែល ដែលបច្ចុប្បន្នរស់នៅក្នុងប្រទេសថៃ៕
អត្ថបទ: ចៅលោកតាដំបងក្រញូង





