ខេត្តបាត់ដំបង÷
អំឡុងក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិចូលលេងតាមតំបន់កម្សាន្តផ្សេងៗក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ជាង ១២ ម៉ឺននាក់កើនឡើងធៀបនឹងឆ្នាំចាស់។
យោងតាមការបង្ហាញរបស់លោក អ៊ុច អ៊ំភីនីសារា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានឲ្យដឹងនៅថ្ងៃទី ៧ ខែវិច្ឆកា ឆ្នាំ ២០២៥នេះថា÷ អំឡុងថ្ងៃប្រារព្វព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុករយ:ពេល ៣ថ្ងៃ គិតចាប់ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៦ ខែវិច្ឆកា ឆ្នាំ ២០២៥ នេះខេត្តបាត់ដំបងបានស្រូបទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលមកលេងតាមតំបន់កម្សាន្តផ្សេងៗជាច្រើនមានចំនួន ១២៣,៩៥៥ នាក់ កើនឡើង ១២.១៩% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៤។
កត្តាដែលបណ្តាលឲ្យភ្ញៀវទេសចរមានចំនួនកើនឡើងនេះដោយសារផ្លូវថ្នល់ស្អាតល្អងាយស្រួលធ្វើដំណើរ និងក្នុងភូមិសាស្ត្រខេត្តបាត់ដំបង មានរមណីយដ្ឋានគោលដៅទេសចរណ៍ល្អៗ និងច្រើនរួមមាន: រមណីយដ្ឋានប្រាសាទបាណន់, រមណីយដ្ឋានភ្នំសំពៅ, ទស្សនាហ្វូងសត្វប្រចៀវល្អាងភ្នំំភ្នំពៅ, រមណីយដ្ឋានប្រាសាទឯកភ្នំ, អាងទឹកកំពីងពួយ, រមណីយដ្ឋានស្ទឹងថ្មដា រមណីយដ្ឋានទឹកធ្លាក់ ៥៣ ក្នុងស្រុកភ្នំព្រឹក, រមណីយដ្ឋាននគរជុំភ្នំព្រឹក, ភ្នំកំពូល, វត្តល្អាងកង្កែប, វត្តនាងរំសាយសក់, វត្តភ្នំជីហង្ស, រមណីយដ្ឋានវត្តភ្នំចំបាំង និងសហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំល្អាងភ្នំប្រាំពីរជាដើម៕
អត្ថបទ: ចៅតាក្រញូង




