បាត់ដំបង÷
សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ មានសទ្ធាប្រគេនទេយ្យទាន គ្រឿងឧបភោគ បរិភោគជូនដល់ព្រះសង្ឃចំនួន ៣៣វត្ត ក្នុងឱកាសពុទ្ធសាសនិកខ្មែរក្នុងខេត្តបាត់ដំបង ប្រារព្វពិធីបុណ្យកាន់បិណ្ឌ។នៅសៀលថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២៥ កន្លងមកនេះ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ឯកឧត្តម ឡា វិសេស អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ព្រមទាំងមន្ត្រីជាច្រើនទៀតបាននាំយកនូវទេយ្យទាន គ្រឿងឧបភោគ បរិភោគ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ទៅប្រគេនដល់ព្រះសង្ឃ ក្នុងខេត្តបាត់ដំបងចំនួន ៣៣វត្ត ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌប្រពៃណីជាតិខ្មែរ ដែលពិធីនេះធ្វើនៅវត្តពោធិ៍វាលជាមណ្ឌលកណ្តាល ឋិតក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ក្រោមកិច្ចដំណើរការកម្មវិធី ឯកឧត្តម សុខ លូ អភិបាលខេត្ត បានមានប្រសាសន៍ថា: វិស័យពុទ្ធសាសនាជាសាសនារបស់រដ្ឋពិតជាមានសារសំខាន់មិនអាចខ្វះបាន បានជួយក្នុងការជំរុញ និងនាំឲ្យមានការរីកចម្រើនពិសេសលើវិស័យអប់រំ ក៏ដូចជាការអភិវឌ្ឍប្រទេសជាតិ សណ្តាប់ធ្នាប់សង្គមជាដើម ក្រោមការលើកស្ទួយ និងយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខថ្នាក់ដឹកនាំសម្តេចមហាបវរធិបតី។
ជាមួយគ្នា ឯកឧត្តម ឡា វិសេស អនុរដ្ឋលេខាធិកាបានលើកឡើងនូវ ប្រសាសន៍ពាំនាំសួរសុខទុក្ខ សេចក្តីនឹករលឹករបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ នៃកម្ពុជា និងជាប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា គួរជាទីកក់ក្តៅ លើសពីនេះក៏បានថ្លែងសារជូនពរប្រគេនដល់ព្រសង្ឃ និងលោកយាយ លោកតា ពុទ្ធបរិស័ទខ្មែរទាំងអស់ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រកបដោយសេចក្តីជ្រះថ្លា និងសេចក្តីសុខសប្បាយគ្រប់ៗគ្នា៕
អត្ថបទ: ចៅតាក្រញូង







