បាត់ដំបង÷
សមត្ថកិច្ចបានចុះឃាត់ខ្លួនមនុស្ស ៣នាក់ ក្រោយធ្វើសកម្មភាពបើកត្រាក់ទ័រឈូសកម្ទេចផ្ទះ និងរោងចម្ការរបស់ប្រជាពលរដ្ឋមួយគ្រួសារក្នុងស្រុកសំឡូត។
ប្រភពព័ត៌មានបានប្រាប់ឲ្យដឹងនៅថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ ២០២៦នេះថា÷ កម្លាំងនគរបាលស្រុកសំឡូត បានចុះឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់បន្តបន្ទាប់គ្នាក្រោយជនបង្កបានធ្វើសកម្មភាពបើកត្រាក់ទ័រឈូស បុកបំផ្លិចបំផ្លាញផ្ទះ និងរោងចម្ការរបស់ប្រជាពលរដ្ឋ បណ្តាលឱ្យខូចខាតយ៉ាងដំណំ កាលពីល្ងាចថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ២០២៦ នៅត្រង់ចំណុចវាលធ្មា ភូមិចម្លងរមាំងក្រោម ឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង។
ជនបង្កក្រោយធ្វើសកម្មភាពក៏ត្រូវសមត្ថកិច្ចចុះឃាត់ខ្លួនតែម្តងនៅយប់ថ្ងៃដដែល។ ទាំង ៣នាក់មានឈ្មោះអេង ណាវី ភេទប្រុស អាយុ ៤៥ឆ្នាំ ( ជាមេការ ), ឈ្មោះវ័រ វូ ភេទប្រុស អាយុ ១៨ឆ្នាំ ( ជាតៃកុងត្រាក់ទ័រ ) និងឈ្មោះកែវ បូរី ភេទប្រុស អាយុ ២៦ឆ្នាំ ( ជាតៃកុងត្រាក់ទ័រ ) ទាំង ៣នាក់រស់នៅក្នុងភូមិ-ឃុំកន្លែងកើតហេតុខាងលើ។ ចំណែកជនរងគ្រោះមានឈ្មោះប៉ិ វ៉ាន់ ភេទប្រុស អាយុ ៦១ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា។
ក្រោយការសាកសួរជនសង្ស័យបានសារភាពថា ពួកគេពិតជាបានបើកត្រាក់ទ័រទៅឈូសបុកកម្ទេចផ្ទះ និងរោងចម្ការរបស់ជនរងគ្រោះពិតប្រាកដមែនគឺធ្វើឡើងតាមការបញ្ជារបស់ស្ត្រីម្នាក់ទៀតឈ្មោះសន រ៉ាណែត អាយុ ៤៤ឆ្នាំ រស់នៅភូមិកំប្រង់ ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង ដូចគ្នា ។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាលជំនាញកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅកាន់ការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង តាមនីតិវិធី និងស្រាវជ្រាវបន្ថែមលើអ្នកបញ្ជាពីក្រោយខ្នងបន្តទៀត៕
ដោយ: ដំបងក្រញូងមានរឹទ្ធិ






