បាត់ដំបង÷ ក្រោយជំនន់ក្នុងស្ទឹងសង្កែហក់ឡើងដល់ចំណុចប្រកាសអាសន្ន រដ្ឋបាលខេត្តបាត់ដំបង បានជំរុញឲ្យអាជ្ញាធរគ្រប់ថ្នាក់ត្រៀមអន្តេាគមន៍ និងរៀបចំផែនការជម្លៀសប្រជាពលរដ្ឋក្នុងគ្រាមានហានិភ័យ។
នៅរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ ២០២៥នេះរដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីជូនដំណឹងមួយប្រកាសឲ្យបងប្អូនប្រជាពលរដ្ឋ ពិសេសពលរដ្ឋដែលរស់នៅតាមបណ្តោយដងស្ទឹងសង្កែ នៅត្រង់ផ្នែកខាងក្រោមក្នុងភូមិសាស្ត្រស្រុកឯកភ្នំ និងស្រុកសង្កែ ឲ្យបង្កើនការប្រយ័ត្នខ្ពស់ចំពោះស្ថានភាពទឹកស្ទឹងសង្កែដែលបានជន់ឡើងខ្លាំងត្រឹមរយ:ពេលខ្លីរហូតដល់ចំណុចត្រូវប្រកាសអាសន្នកម្ពស់ ១៣,៨០ម៉ែត្រ ចាប់តាំងពីព្រឹកមកដល់រសៀលថ្ងៃទី ០២ ខែកញ្ញា នេះមក។
ស្ថានភាពបែបនេះរដ្ឋបាលខេត្តបាត់ដំបង ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋរស់នៅតាមតំបន់ងាយរងគ្រោះខាងលើត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ជៀសវាងកើតឡើងនូវគ្រោះថ្នាក់ផ្សេងជាយថាហេតុ ជាពិសេសកូនចៅតូចៗ សម្ភារ: ឬទ្រព្យសម្បត្តិនានា។
ទន្ទឹមគ្នានេះរដ្ឋបាលខេត្ត ថែមទាំងបានជំរុញឲ្យអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់ក្នុងការត្រៀមរៀបចំផែនការអន្តរាគមន៍ និងត្រៀមទីទួលមានសុវត្ថិភាពឲ្យបានសមរម្យដើម្បីជម្លៀសប្រជាពលរដ្ឋនៅពេលដែលមានគ្រោះមហន្តរាយទឹកជំនន់កើតឡើង ព្រមទាំងបង្កើនការណែនាំឲ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ពីបញ្ហាថែរក្សាសុខភាព អនាម័យទប់ស្កាត់ការកើតឡើងនូវជំងឺឆ្លងផ្សេងៗ៕
អត្ថបទ: ចៅតាក្រញូង






