បាត់ដំបង÷ ឆ្នាំ ២០២៥នេះខេត្តបាត់ដំបង ខកខានមិនបានប្រារព្វធ្វើពិធីបុណ្យអំុទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក ដូចរាល់ឆ្នាំឡើយ។
តាមរយ:គណនេយ្យហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានបង្ហោះព័ត៌មានបែបខ្លីនៅរសៀលថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ ២០២៥នេះថា÷ នៅឆ្នាំនេះអាជ្ញាធរខេត្តមិនបានប្រារព្វធ្វើពិធីបុណ្យអុំទូកទេ ហើយក៏មិនបានបញ្ជាក់អំពីមូលហេតុឲ្យបានច្បាស់លាស់ដែរ ខណ:រាល់ឆ្នាំកន្លងមករដ្ឋបាលខេត្តបាត់ដំបង តែងតែប្រារព្វនូវកម្មវិធីប្រពៃណីបុរាណបុណ្យអុំទូកនេះស្ទើរជារៀងរាល់ឆ្នាំ។
ថ្នាក់ដឹកនាំកខេត្ត ឯកឧត្តម សុខ លូ បានបង្ហោះសារបញ្ជាក់ពីការខកខានពិធីបុណ្យអុំទូកក្នុងពេលខាងមុខ គឺជូនដំណឹងដល់សាធារណជន ក្រោយប៉ុន្មានថ្ងៃបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសផ្អាកការប្រារព្វព្រះរាជពិធីបុណ្យអំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាឯរាជធានីភ្នំពេញ ដោយសារស្ថិតក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់អនុវត្តនូវបទឈប់បាញ់ជាមួយភាគីសៀមនៅតំបន់ជម្លោះព្រំដែន។
ម៉្យាងទៀតដើម្បីដោះស្រាយបញ្ហាជូនបងប្អូនប្រជាពលរដ្ឋដែលភៀសសឹក រួមទាំងពលករខ្មែរដែលវិលត្រឡប់ចូលមកក្នុងប្រទេសកម្ពុជាវិញផងដែរ៕
អត្ថបទ: ចៅតាក្រញូង







