ខេត្តបាត់ដំបង
ក្រុមមន្ត្រីរដ្ឋបាលក្រុងបាត់ដំបង បន្តចុះរុះរើរបង និងជំរុញណែនាំដល់ប្រជាពលរដ្ឋឲ្យចូលរួមរុះរើរោង រាន របង តូប សំយាបផ្ទះដែលសង់រំលោភលើដីចំណីផ្លូវសាធារណៈរបស់រដ្ឋតាមកំណាត់ផ្លូវនានាក្នុងក្រុងបាត់ដំបង។មន្ត្រីដែលចុះអនុវត្តការងារខាងលើបានបញ្ជាក់ប្រាប់ឲ្យដឹងនៅថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៦នេះថា÷ កំណាត់ផ្លូវដែលក្រុមការងារចុះរុះរើក្រោយរដ្ឋបាលក្រុងបាត់ដំបងបានចេញសេចក្តីជូនដំណឹងជាបន្តបន្ទាប់តម្រូវឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមរុះរើតាមពេលវេលាដែលបានកំណត់នេះរួមមាន: កំណាត់ផ្លូវលេខ ៥៣០, ផ្លូវលេខ ១៥៤, ផ្លូវលេខ ៥៤០, ផ្លូវលេខ ៤០៦, ផ្លូវលេខ ៥២០, ផ្លូវលេខ ១២១ កំណាត់ផ្លូវលេខ ៤០៩ ផងដែរដែលពលរដ្ឋរស់នៅតាមបណ្តោយផ្លូវនេះបានសង់របង តូប សំយាបផ្ទះ ស្លាកយីហោពាណិជ្ជកម្មផ្សេងៗរំលោភលើផ្លូវសាធារណៈរបស់រដ្ឋ។
លោក លាង វាសនា អភិបាលក្រុងបាត់ដំបង បានប្រាប់ឲ្យដឹងដែរថា÷ ក្រោយមានការចូលរួមពីប្រជាពលរដ្ឋជាស្ថាពរហើយ ក្រុមមន្ត្រីជំនាញនឹងចាប់ផ្ដើមចុះស្ថាបនាផ្លូវបេតុងថ្មីចំពោះមុខចំនួន ៧ខ្សែក្នុងចំណោមផ្លូវរាប់សិបខ្សែទៀតនឹងស្ថាបនាឡើងនៅក្នុងក្រុងបាត់ដំបង អមដោយចំណីផ្លូវធំទូលាយស្អាតស្តង់ដាដែលស្ថាបនាឲ្យរួចរាល់នៅមុនរដូវវស្សាខាងមុខ និងបន្តបន្ទាប់គ្នាក្នុងឆ្នាំ ២០២៦នេះ។
ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងបានអះអាងកាលពីថ្មីៗនេះថា÷ នៅរវាងចុងឆ្នាំ ២០២៦ ក្រោយបញ្ចប់គម្រោងសាងសង់កំណាត់ផ្លូវក្រុងទាំងអស់មិនតិចជាង ៤០ខ្សែ មានវែង មានខ្លី នោះក្រុងបាត់ដំបង នឹងលើកកម្ពស់ផ្លាស់ប្តូរមុខមាត់ទៅជាតំបន់ស៊ីវិល័យ ផ្លូវធំទូលាយ មានផ្លូវថ្មើរជើង ផ្លូវជិះកង់ ដាំដើមឈើអមសងខាងផ្លូវ រួមជាមួយសំណង់អាគារ ភូមិបូរាណ ពិតជាមានសក្តានុពលបានទាក់ទាញភ្ញៀវជាតិ អន្តរជាតិយ៉ាងល្អតាមការគ្រោងទុក៕
ដោយ: ចៅតាដំបងក្រញូង








