បាត់ដំបង÷
គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង និងប្រតិភូគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ( ICRC ) ជួបពិភាក្សាការងារស្ដីពីផលប៉ះពាល់ផ្នែកមនុស្សធម៌លើប្រជាជនស៊ីវិល ក្នុងជម្លោះប្រដាប់អាវុធនៅតំបន់ព្រំដែនកម្ពុជា ដែលបង្កឡើងដោយទាហានថៃ។
នៅក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារដែលធ្វើឡើងនៅថ្ងៃទី ០៩ ខែកុម្ភ: ឆ្នាំ ២០២៦ ម្សិលមិញ លោកស្រី ឌ័រសា ណាហ្សេមី សាលមែន ប្រធានបេសកកម្មគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ( ICRC ) បានបញ្ជក់ថា÷ បេសកកម្មរបស់លោកស្រីនៅពេលនេះគឺមានគោលបំណងជួយសម្របសម្រួលបេសកកម្មពិនិត្យ វាយតម្លៃ និងចងក្រងឯកសារដោយឯករាជ្យស្ដីពីផលប៉ះពាល់ផ្នែកមនុស្សធម៌លើប្រជាជនស៊ីវិល ដែលបង្កឡើងដោយជម្លោះប្រដាប់អាវុធនៅតំបន់ព្រំដែនកម្ពុជា ថៃ អនុវត្តតាមអាណត្តិដែលមានចែងនៅក្នុងអនុសញ្ញាក្រុងហ្សឺណែវ។
ឯកឧត្ដម ផេង សិទ្ធី អនុប្រធាន អចិន្រ្តៃយ៍គណៈកម្មាធិការសាខាខេត្ត តំណាងឲ្យឯកឧត្ដម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បានថ្លែងចាត់ទុកបេសកកម្មរបស់គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ( ICRC )នេះថាពិតជាមានសារ:សំខាន់បំផុតសម្រាប់ប្រជាពលរដ្ឋជនភៀសសឹកជាជនរងគ្រោះ ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាទាំងមូល។
ក្នុងនាមអាជ្ញាធរខេត្ត គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ឯកឧត្តមនឹងជួយសម្របសម្រួលដំណើរទស្សនកិច្ច និងការស្វែងយល់ជាក់ស្តែងនេះឲ្យអស់ពីលទ្ធភាព ពិសេសទស្សនកិច្ចចុះពិនិត្យតាមសហគមន៍រងគ្រោះដើម្បីសិក្សា និងវាយតម្លៃអំពីផលប៉ះពាល់ផ្នែកមនុស្សធម៌ ដែលបង្កឡើងពីសកម្មភាពជម្លោះប្រដាប់អាវុធ រួមមាន ការប៉ះពាល់ដល់ជនស៊ីវិល ហេដ្ឋារចនាសម្ព័ន្ធ បេតិកភណ្ឌ វប្បធម៌ ស្របតាមគោលការណ៍ និងច្បាប់មនុស្សធម៌អន្តរជាតិ ( IHL )ផងដែរ។
បេសកកម្មទស្សនកិច្ច និងការស្វែងយល់ជាក់ស្តែងនេះក្រៅពីលោកស្រី ឌ័រសា ណាហ្សេមី សាលមែន ជាប្រធាន នៅមានវត្តមាន លោកស្រី ខាត់ ស្តេវ៉ត ប្រតិភូផ្នែកយោធាប្រចាំតំបន់ និងលោក យុន បញ្ញាវ័ន្ត មន្ត្រីសហប្រតិបត្តិការចលនាកាកបាទក្រហមប្រចាំប្រទេសកម្ពុជាផងដែរ៕
អត្ថបទ÷ ចៅតាដំបងក្រញូង







