បាត់ដំបង÷
កាកបាទក្រហមកម្ពុជាសាខាខេត្តបាត់ដំបង ដឹកនាំដោយឯកឧត្តមសន្តិបណ្ឌិត សុខ ផល នាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋដែលងាយរងគ្រោះចំនួន ៣០០គ្រួសារក្នុងស្រុកបាណន់។
ក្នុងឱកាសនាំយកអំណោយមនុស្សធម៌ចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតជាជនចាស់ជរា ជនមានពិការភាព កុមាកំព្រា អ្នករស់នៅជាមួយមេរោគអេដស៍ ជំងឺអេស៍ដែលមានជីវភាពទីទ័លក្រក្នុងស្រុកបាណន់ ខេត្តបាត់ដំបងនេះ ឯកឧត្តមសន្តិបណ្ឌិត សុខ ផល បាននាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹកពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងថ្លែងកោតសរសើរចំពោះថ្នាក់ដឹកនាំសាខា ក្រុមប្រតិបត្តិសាខា-អនុសាខាស្រុកបាណន់ ក៏ដូចជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលបានអនុវត្តតាមការចង្អុលបង្ហាញជាមួយអនុសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ក្នុងការគិតគូរពីជីវភាពរស់នៅ និងសុខភាពរបស់បងប្អូន លោកយាយ លោកតា ទាំងអស់ដែលបានជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតយ៉ាងឆាប់រហ័សតាមតែអាចធ្វើទៅបានស្របតាមពាក្យស្លោក " ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា និង កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នាមិនទុកនរណាម្នាក់ចោលឡើយ "។

ទន្ទឹមគ្នាឯកឧត្តមសន្តិបណ្ឌិត ថែមទាំងបានអំពាវនាវដល់គ្រួសារប្រជាពលរដ្ឋនៅចំពោះមុខឲ្យយកចិត្តទុកដាក់ និងគិតគូរពីបញ្ហាសុខភាពជាចំបង ដោយបរិភោគទឹកឆ្អិន កាត់បន្ថយអាហារដែលមានជាតិប្រៃពេក ផ្អែមពេក ខ្លាញ់ពេកជាហេតុនាំឱ្យកើតនូវជំងឺទឹកនោមផ្អែម ជំងឺមហារីក ឬឡើងសម្ពាធឈាមខ្ពស់ជាដើម។
ឯកឧត្តមសន្តិបណ្ឌិត ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋងាយរងគ្រោះទាំងអស់គប្បីបង្កើនការប្រុងប្រយ័ត្នខ្ពស់ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកអោយបានគ្រប់ៗគ្នាចៀសវាងមានគ្រោះថ្នាក់ផ្សេងៗ ពិសេសនៅក្នុងអំឡុងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ លើសពីនេះត្រូវចូលរួមជាមួយអាជ្ញាធរមូលដ្ឋានក្នុងការលុបបំបាត់គ្រឿងញៀន គ្រឿងស្រវឹង និងក្មេងទំនើងផងដែរជំនួសមកវិញជំរុញឲ្យកូនចៅគ្រប់គ្នាខិតខំប្រឹងប្រែងរៀនសូត្រ មានចំណេះដឹង មានការងារធ្វើល្អជួយលើកស្ទួយជីវភាពគ្រួសារ អភិវឌ្ឍន៍សេដ្ឋកិច្ចជាតិបានលឿនល្អប្រសើរ។
អំណោយមនុស្សធម៌ផ្ទាល់របស់ឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកបាណន់ ពេលនេះបានផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះក្នុងមួយគ្រួសារទទួលបានអង្ករចំនួន ២៥គីឡូក្រាម មី ១កេស ទឹកបរិសុទ្ធ ១កេស ត្រីខ ទឹកស៊ីអ៊ីវ និងថវិកាមួយចំនួនផងដែរ៕
អត្ថបទ: ដំបងក្រញូងមានរឹទ្ធិ