បាត់ដំបង÷ មន្ត្រីជំនាញមន្ទីរសាធារណ:ការ និងដឹកជញ្ជូនខេត្តបាត់ដំបង ចុះជួសជុលផ្លូវសំបុកមាន់មុនគម្រោង ADB ដាក់ឲ្យដេញថ្លៃស្ថាបនាសម្រួលការធ្វើដំណើរបណ្តោះអាសន្នរបស់ប្រជាពលរដ្ឋក្នុងរដូវភ្លៀងធ្លាក់។
លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង បានបញ្ជាក់ឱ្យដឹងថា÷ ប៉ុន្មានថ្ងៃចុងក្រោយនេះទឹកភ្លៀងធ្លាក់ជាបន្តបន្ទាប់បានធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់មួយចំនួនក្នុងក្រុងបាត់ដំបង ដែលស្ថិតក្នុងគម្រោងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB មិនទាន់ឈានដល់ដំណាក់កាលដេញថ្លៃជួសជុលឡើងវិញនៅឡើយ ស្របពេលកំណាត់ផ្លូវក្នុងគម្រោងខាងលើនេះបានរងការខូចខាតជាអន្លើរ ហើយបង្កការលំបាកយ៉ាងខ្លាំងដល់ការធ្វើដំណើរទៅមករបស់បងប្អូនប្រជាពលរដ្ឋកន្លងមក ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីឯកឧត្តម សុខ លូ អភិបាលខេត្ត លោកបានដឹកនាំចុះផ្ទាល់ដោយចាត់ឲ្យមន្ត្រីជំនាញចុះជួសជុលកែសម្រួលជាបន្ទាន់ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ជាបណ្តោះអាសន្នរបស់ប្រជាពលរដ្ឋ។
ជាក់ស្តែងនៅព្រឹកថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២៦នេះដោយសារអាកាសធាតុមានភាពអំណោយផលល្អក្រុមបច្ចេកទេសមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង បានបញ្ចេញគ្រឿងចក្រធុនធ្ងន់ជាច្រើនគ្រឿងពន្លឿនលើការងារឈូសឆាយចាក់ថ្មម៉ិច និងកៀរពង្រាបផ្លូវបានមួយចំនួនធ្វើយ៉ាងសម្រួលការធ្វើដំណើររបស់ពលរដ្ឋបានងាយស្រួលជាបណ្តោះអាសន្ន ពិសេសកំណាត់ផ្លូវចាប់ពីផ្លូវម្តុំវត្តពោធិ៍វង្ស មុនបន្តឆ្ពោះទៅកាន់បណ្តាផ្លូវផ្សេងៗទៀត។
លោក ព្រួញ រិទ្ធថា បានបន្ថែមថា÷ តាមព័ត៌មានដែលលោកទទួលបានគម្រោងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB គ្រោងនឹងដាក់ដេញថ្លៃជួសជុលកំណាត់ផ្លូវជាច្រើនគីឡូម៉ែត្រក្នុងក្រុងបាត់ដំបង ជាផ្លូវការនៅចុងខែឧសភា ដ៏ខ្លីខាងមុខនេះ៕
ដោយ: ដំបងមានរឹទ្ធិ







