បាត់ដំបង÷
អាជ្ញាធរ និងមន្ត្រីជំនាញចុះផ្អាកសកម្មភាពជីកេណ្តៅស្តុក និងចម្រាញ់រ៉ែមាសខុសច្បាប់មួយកន្លែងក្នុងស្រុកភ្នំព្រឹក។
នៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២៦ នេះ អាជ្ញាធរ និងកម្លាំងចម្រុះ ដឹកនាំដោយលោក លឹម ប៊ុន លី ប្រធានមន្ទីររ៉ែ និងថាមពលខេត្តបាត់ដំបង បានចុះបង្ក្រាបទប់ស្កាត់សកម្មភាពជីកអាងស្តុប និងចម្រាញ់រ៉ែមាសមួយកន្លែងពុំមានការអនុញ្ញាតិ នៅចន្លោះជើងភ្នំព្រឹកនិងភូមិភ្នំព្រឹក ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
ពលរដ្ឋបានអះអាងថា÷ រណ្តៅទំហំប៉ុនផ្ទះខាងលើនេះក្រុមឈ្មួញបានលួចលាក់ជីកដើម្បីរៀបចំធ្វើជាអាងសម្រាប់ស្តុក និងរំលាយរ៉ែមាសដោយប្រើប្រាស់សារធាតុគីមីចម្រាញ់យកមាស ហើយវាបានបង្កហានិភ័យខ្ពស់ដល់សុខុមាលភាពប្រជាពលរដ្ឋ និងបរិស្ថានធ្ងន់ធ្ងរ។
លោកប្រធានមន្ទីររ៉ែ និងថាមពលបានលើកឡើងថា÷ ការចុះទប់ស្កាត់នេះគឺបង្ការកុំឱ្យមានផលប៉ះពាល់ដល់សុខភាពរបស់បងប្អូនប្រជាពលរដ្ឋ ដំណាំកសិកម្ម សត្វពាហន: និង មច្ឆជាតិក្នុងដងអូរ បឹងនានាក្នុងភូមិសាស្ត្រភូមិ ឃុំខាងលើ។
វិធានការចំពោះមុខក្រុមការងារបច្ចេកទេសបានប្រើប្រាស់គ្រឿងចក្រកាយ ឈូសដីលុបអាងស្តុកនេះឲ្យដូចដើមទាំងស្រុងទាំងស្រុងវិញ។ រីឯម្ចាស់ទីតាំង អាជ្ញាធរ ក៏ដូចជាសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវដើម្បីចាត់ការតាមវិធានការច្បាប់៕
ដោយ: ដំបងក្រញូងមានរឹទ្ធិ




