បាត់ដំបង÷
អាជ្ញាធរ និងមន្ត្រីជំនាញបន្តចុះត្រួតពិនិត្យម៉ាត ហាងស្តុកទំនិញរកឃើញសាច់បង្កកជាងកន្លះតោនជាទំនិញរក្សាទុកមិនបានត្រឹមត្រូវខូចគុណភាពត្រូវហាមឃាត់។
មន្ត្រីពាក់ព័ន្ធ និងកម្លាំងគណ:បញ្ជាការឯកភាពខេត្តដឹកនាំដោយលោក ផេង សិទ្ធី អភិបាលរងខេត្តបាត់ដំបង និងជាប្រធានក្រុមការងារចុះត្រួតពិនិត្យទីតាំងរក្សាទុកចែកចាយសាច់បង្កក និងផលិតផលថៃ នៅក្នុងអំឡុងយ:ពេល ២ថ្ងៃ ចាប់ពីថ្ងៃទី ១៦ និងថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២៦នេះបានចុះត្រួតពិនិត្យនៅតាមម៉ាត និងហាងស្តុកទំនិញនានា ពិសេសទីតាំងធ្លាប់ស្តុកទុកនូវទំនិញថៃជាច្រើនកន្លែង បានរកឃើញផលិតផលសាច់សរុបចំនួន ៥២១គីឡូក្រាមជាទំនិញខូចគុណភាព និងមួយចំនួនទៀតហួសកាលបរិច្ឆេទកំណត់។
តាមរយៈការរកឃេីញទំនិញជាច្រើនមុខខាងលើរួមមាន: សាច់មាន់ចិញ្ចឹមក្នុងស្រុកចំនួន ៣៤១គីឡូក្រាម, ត្រីសាប៉ាក់ ៦០គីឡូក្រាម និងមឹកបំពង់បង្កកហួសកាលបរិច្ឆេទចំនួន ១២០គីឡូក្រាមផងដែរ។
ចុងក្រោយមន្ត្រីក្រុមការងារ កម្លាំងគណ:បញ្ជាការឯកភាពបានសម្រេចដកហូតទំនិញខូចគុណភាពទាំងអស់យកទៅដុតបំផ្លាញចោល ចំណែកអ្នកទទួលខុសត្រូវនៃទីតាំងនីមួយៗតម្រូវឲ្យចូលទៅបំភ្លឺនៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួចបន្តអនុវត្តតាមនីតិវិធី៕
អត្ថបទ: ដំបងក្រញូងមានរឹទ្ធិ







