បាត់ដំបង÷
អាជ្ញាធរ និងមន្ត្រីជំនាញចុះពិនិត្យដកហូតសាច់បង្កកជាច្រើនគីឡូក្រាមដុតបំផ្លាញចោលក្រោយរកឃើញជាទំនិញរក្សាទុកមិនបានត្រឹមត្រូវខូចគុណភាពប៉ះពាល់ដល់សុខភាព។
ការចុះត្រួតពិនិត្យ និងដកហូតសាច់បង្កកនៅថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២៦ ត្រង់ហាងមួយកន្លែងយីហោ Fres Shop ឋិតនៅក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង ដឹកនាំដោយលោក ផេង សិទ្ធី អភិបាលរងខេត្តបាត់ដំបង ក្រុមការងារចម្រុះពាក់ព័ន្ធ រួមជាមួយមន្ត្រីការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ខេត្ត ( ក ប ប )។
សាច់បង្កកដែលអាជ្ញាធរ និងមន្ត្រីជំនាញដកហូតនេះជាផលិតផលកសិកម្មនៅក្នុងស្រុក ប៉ុន្តែម្ចាស់អាជីកម្មយកមករក្សាទុកមិនបានត្រឹមត្រូវនាំឲ្យខូចគុណភាពអាចបង្កការប៉ះពាល់ទៅដល់សុខភាពប្រជាពលរដ្ឋអ្នកប្រើប្រាស់។ មន្ត្រីចុះបង្ក្រាបខាងលើមិនបានបញ្ជាក់អំពីមុខទំនិញ និងចំនួនប៉ុន្មានគីឡូក្រាមនោះទេនៅតែជារឿងអាថកំបាំងធ្វើឲ្យមហាជនមានការងឿងឆ្ងល់ជាខ្លាំង។
ផលិតផលបង្កកគ្មានគុណភាពខាងលើត្រូវបានមន្ត្រីជំនាញសម្រេចដកហូតដើម្បីដុតបំផ្លាញចោល និងបានណែនាំដល់ម្ចាស់អាជីកម្មមិនត្រូវនាំចូលទំនិញដែលមានប្រភពមកពីប្រទេសថៃ ឬទំនិញប្រទេសថៃ, ម្ចាស់ទីតាំងត្រូវត្រួតពិនិត្យមើលគុណភាពអនាម័យទំនិញ និងរក្សាទុកឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស៕
អត្ថបទ: ដំបងក្រញូងមានរឹទ្ធ









