ភ្នំពេញ÷
កម្លាំងជំនាញអគ្គស្នងការដ្ឋាននគរបាលជាតិឆ្មក់ចុះបង្ក្រាបទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចំនួន ៣កន្លែងឃាត់ខ្លួនបានជនបរទេសប្រុសស្រី ២៤នាក់។
នគរបាលជំនាញក្រសួងមហាផ្ទៃ បានប្រាប់ឲ្យដឹងថា: កម្លាំងជំនាញរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយអាជ្ញាធរមូលដ្ឋាននៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២៥កន្លងមកថ្មីៗនេះបានចុះស្រាវជ្រាវ និងត្រួតពិនិត្យទីតាំងពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចំនួន ០២កន្លែង និងបង្ក្រាប ១កន្លែង សរុប ៣កន្លែង ដែលលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាប្រមាណជា ៣ខែកន្លងមក។
ការបង្ក្រាបធ្វើឡើងអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា រួមទាំងគោលការណ៍ ណែនាំពី លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ប្រតិបត្តិការបង្ក្រាបទប់ស្កាត់នេះសមត្ថកិច្ចជំនាញបាននាំខ្លួនជនបរទេសសរុបចំនួន ២៤នាក់ ស្រី ០៣នាក់ដែលបាន នឹងកំពុងស្នាក់នៅបម្រើការងារនៅក្នុងទីតាំងខាងលើ។ វត្ថុតាងដកហូតបានរួមមាន: កុំព្យូទ័រយួរដៃ Tablet Ipad ទូរសព្ទដៃ និងSim card បរទេស ជាមធ្យោបាយសម្រាប់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា។
ជនសង្ស័យទាំងអស់បាននាំខ្លួនទៅកាន់នាយកដ្ឋានជំនាញដើម្បីបន្តនីតិវិធីស្វែងរកមុខសញ្ញាមេខ្លោង៕
អត្ថបទ: ភ្នំពេញ




