បាត់ដំបង÷
៣ថ្ងៃសមត្ថកិច្ចជំនាញបង្ក្រាបនាំឃាត់ខ្លួនមនុស្ស ៩នាក់ជាមុខសញ្ញាលួច និងអ្នកទទួលផលចោរកម្មចាត់ការផ្លូវច្បាប់។
នគរបាលជំនាញបានឲ្យដឹងថា÷ ចាប់តាំងពីថ្ងៃទី៣០ ខែ កញ្ញាឆ្នាំ ២០២៥ មកអនុវត្តតាមការណែនាំរបស់លោក ឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក ចៀក ថានិន នាយការិ យាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កម្លាំងក្រុមអន្តរាគមន៍ បង្ការបង្ក្រាបបានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកសង្កែ កម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និងកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានចុះស្រាវជ្រាវឈានដល់ការបង្ក្រាបករណីលួចមានស្ថានទម្ងន់ទោសលួចយកម៉ូតូ និងទទួលផលចោរកម្មមួយករណីបាននាំខ្លួនជនសង្ស័យចំនួន ០៩ នាក់។
ប្រភពដដែលបន្តថា÷ ជនសង្ស័យខាងលើជាមុខសញ្ញាលួចសកម្មឆ្លងខេត្ត។ ចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា÷ កន្លងមកពួកគេធ្លាប់បានធ្វើសកម្មភាពលួចម៉ូតូបានចំនួន ១១លើកក្នុងនោះលួចក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ចំនួន ៦ លើក ខេត្តបន្ទាយមានជ័យចំនួន ៤ លើក និងបានលួចក្នុងទឹកដីខេត្តកំពង់ឆ្នាំង បាន ១ លើក។
ករណីនេះកម្លាំងបង្ក្រាបដកហូតបានវត្ថុតាងម៉ូតូចំនួន ១៥ គ្រឿង រួមទាំងផ្លាកលេខម៉ូតូ ២១ សន្លឹកផងដែរពីជនសង្ស័យ និងជនអ្មកទទួលផលចោរកម្ម។
បច្ចុប្បន្នការិយាល័យជំនាញកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការបន្តតាមនីតិវិធី៕
អត្ថបទ: ចៅលោកតាក្រញូង




