បាត់ដំបង÷ យោងតាមការណែនាំរបស់ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាខេត្តបាត់ដំបង កាលពីចុងសប្តាហ៍កន្លងមកនេះក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកមោងឬស្សី បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌មួយចំនួនរបស់សប្បុរសជនផ្តល់ជូនដល់ប្រជាពលរដ្ឋ ពលករទើបត្រឡប់មកពីថៃ ជនចាស់ជរា ជនមានពិការភាព និងស្ត្រីមេម៉ាយគ្មានទីពឹង ដែលមានជីវភាពខ្វះខាតចំនួន ២៥គ្រួសារ មកពីឃុំគារចំនួន ១៥គ្រួសារ និងឃុំជ្រៃចំនួន ១០គ្រួសារ ។
លោក ទេព ហន អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបានលើកឡើងពាំនាំនូវប្រសាសន៍របស់ ឯកឧត្តម សុខ លូ ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្ដាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកយ៉ាងជ្រាលជ្រៅ ចំពោះបងប្អូនប្រជាពលរដ្ឋដែលជួបការលំបាកនានា ថែមទាំងបានគិតគូរមិនប្រកាន់ពីនិន្នាការផ្សេងៗឡើយ។
ជាមួយគ្នាលោកប្រធានអនុសាខាស្រុក ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋងាយរងគ្រោះទាំងអស់ឲ្យយកចិត្តទុកដាក់ថែទាំបញ្ហាសុខភាព រក្សាអនាម័យឱ្យបានល្អ ជាពិសេសបរិភោគឱ្យបានត្រឹមត្រូវ ផឹកស្អាត ហូបស្អាត រស់នៅស្អាត និងបានចូលរួមថែរក្សាបរិស្ថាន ជីវៈចម្រុះក្នុងមូលដ្ឋានឱ្យបានគង់វង្ស។
ម៉្យាងទៀតគប្បីបង្កើននូវស្មារតីសាមគ្គីគ្នា ជួយយកអាសារគ្នាទៅវិញទៅមកក្នុងនាមខ្មែរតែមួយ លើសពីនេះក្នុងស្ថានភាពទឹកស្ទឹង និងតំបន់ផ្សេងទៀតមានទឹកជំនន់សូមប្រុងប្រយ័ត្នចំពោះក្មេងៗលង់ទឹក សត្វ អាសិរពិស ក៏ត្រូវត្រៀមបង្ការផលប៉ះពាល់ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុផងដែរ។
អំណោយដែលចែកជូនពលរដ្ឋគ្រួសាររងគ្រោះរួមមាន: អង្ករ ៣០គីឡូក្រាម, មី ត្រីខ ទឹកត្រី ទឹកស៊ីអុីវ ទឹកបរិសុទ្ឋអំបិល ស្ករស ខ្ទឹមស និងថវិកាមួយចំនួនទៀត៕
អត្ថបទ: ចៅតាក្រញូង






