បាត់ដំបង÷
សមត្ថកិច្ចបានស្រាវជ្រាវរកឃើញឈ្មួញលក់ផ្លែទុរេនរាប់សិបគីឡូក្រាមដែលមិនមានប្រភពច្បាស់លាស់ដាក់តាំងលក់នៅក្នុងតំបន់ចម្ការក្នុងស្រុកសំឡូតចាស់បន្លំភ្នែកអតិថិជន។
នៅព្រឹកថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៦នេះមន្ត្រីរដ្ឋបាលស្រុកដឹកនាំដោយលោក ហែម ស៊ីណាក់ អភិបាលរងស្រុកសំឡូតបានចុះពិនិត្យដល់ទីតាំងជាក់ស្ដែងត្រង់ផ្ទះប្រជាពលរដ្ឋមួយកន្លែង ស្ថិតក្នុងភូមិសាស្រ្តជាប់ដងផ្លូវស្រុកសំឡូតចាស់ក្រោយមានប្រភពពីអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋបានរាយការណ៍ឃើញម្ចាស់ផ្ទះអ្នកលក់ដូរមួយកន្លែងបានដឹកចូលនូវផ្លែទុរេនពីប្រភពខាងក្រៅហើយដាក់តាំងលក់ដុំ និងរាយដោយបន្លំថាជាទិន្នផលនៅក្នុងភូមិសាស្រ្តសំឡូតចាស់។
យោងតាមការសាកសួរម្ចាស់ផ្ទះអ្នកលក់បានឆ្លើយមិនច្បាស់លាស់ ម្ដងថាជាទុរេននាំមកពីតំបន់ស្រែអំពិល ខេត្តព្រះសីហនុ ម្ដងថាយកមកពីរាជធានីភ្នំពេញ ម្ដុំទួលសង្កែ ក្រោមគំនិតផ្អែកលើជាទីផ្សារសេរីនាំយកមកដាក់លក់មានអ្វីខុស។
លោក ហែម ស៊ីណាក់ បានលើកឡើងថា÷ ទង្វើនេះជាការបន្លំភ្នែកអតិថជនដែលក្រុមការងារមានសិទ្ធិពេញលេញក្នុងការការពារ។ មន្ត្រី ជាមួយនឹងសមត្ថកិច្ចជំនាញចុះពិនិត្យសាកសួរខាងលើនេះក្នុងគោលបំណងការពារតម្លៃនិមិត្តសញ្ញាផ្លែទុរេនតំណាងឲ្យស្រុកសំឡូតចាស់, រក្សាគុណភាព រសជាតិទុរេនសំឡូតចាស់ពិតប្រាកដកជាបេះដូងស្របតាមការផ្សព្វផ្សាយទៅកាន់អតិថិជន សាធារណជនទូទាំងប្រទេស ឬភ្ញៀវទេសចរណ៍ដែលតែងតែចូលលេងកម្សាន្តដល់ចម្ការ និងដើម្បីភ្លក់រសជាតិទុរេនសំឡូតធម្មជាតិពិតប្រាកដ, ជាការការពារផលប្រយោជន៍ម្ចាស់ចំការក្នុងភូមិសាស្រ្តស្រុកសំឡូតក្នុងដំណាក់កាលទុរេនហុចផលដើមដៃ។
វិធានការចំពោះមុខមន្ត្រីជំនាញបានតម្រូវឲ្យម្ចាស់ទីតាំងលក់ផ្លែទុរេននាំចូលពីក្រៅតំបន់បញ្ជាក់ប្រាប់ឈ្មោះប្រភពនៃការនាំចូលទុរេនទៅដល់ភ្ញៀវឲ្យបានច្បាស់ បញ្ឈប់ការយកចូលទុរេនពីប្រភពខាងក្រៅមកតាំងលក់ភូមិសាស្ត្រសំឡូតចាស់ និងចំការផ្សេងទៀត៕
ដោយ: ដំបងក្រញូងមានរឹទ្ធិ






