បាត់ដំបង÷
គម្រោងប្រព្រឹត្តកម្មទឹកកខ្វក់ធំៗចំនួន ៣ ក្នុងខេត្តបាត់ដំបង កំពុងផ្តល់សារប្រយោជន៍យ៉ាងសំខាន់ក្នុងការជួយដល់បរិស្ថានល្អ រំដោះទឹកកខ្វក់ចេញពីទីប្រជុំជនក្រុង បម្រើការស្រោចស្រពដំណាំកសិកម្មជាច្រើនហិកតា។
ក្រោយបញ្ចប់គម្រោងជាបន្តបន្ទាប់នៅថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៦ នេះមន្ត្រីជំនាញរបស់ក្រសួងសាធារណការជាមួយ និងម្ចាស់ជំនួយប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី ( ADB ) បានចុះពិនិត្យជាក់ស្តែងនូវស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់មួយកន្លែងឋិតនៅក្នុងភូមិសាស្ត្រស្រុកថ្មគោល ក្នុងចំណោមគម្រោងធំៗចំនួន ២ផ្សេងទៀតដែលមានសមត្ថភាពចម្រោះទឹកកខ្វក់ ១២ ០០០ម៉ែត្រគូបក្នុងមួយថ្ងៃនៃគម្រោងផ្គត់ទឹកស្អាត និងអនាម័យខេត្ត។
លោកស្រី Lisa Wright នាយិកាប្រតិបត្តិធនាគារអភិវឌ្ឍន៍អាស៊ីបានបញ្ជាក់ថា÷ គម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យក្រុងផ្ដោតលើការរៀបចំហេដ្ឋារចនាសម្ព័ន្ធសម្រាប់ក្រុងបាត់ដំបង រួមមាន: ការសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នេះពិតជាបានផ្ដល់ផលប្រយោជន៍ច្រើនដល់បរិស្ថាន ប្រជាកសិករ និងសាធារណជនទូទៅ។
ជាមួយគ្នាឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងបានលើកឡើងដោយដាក់ចេញទស្សនៈវិស័យរបស់រដ្ឋបាលខេត្តក្នុងការរៀបចំក្រុងបាត់ដំបង ឱ្យក្លាយទៅជាទីក្រុងដែលឆ្លាតវៃ ស្អាត បៃតងដើម្បីបង្កលក្ខណៈងាយស្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋទាំងការទទួលបានទឹកស្អាតប្រើប្រាស់ ស្រោចស្រពដំណាំ ពិសេសបង្កើនការទាក់ទាញដល់ភ្ញៀវទេសចរផងដែរ ខណៈបច្ចុប្បន្នអាជ្ញាធរបាននិងកំពុងខិតខំរំដោះដីចំណីផ្លូវ សាងសង់ផ្លូវ ដាំដើមឈើ និងបំពាក់ភ្លើងបំភ្លឺតាមដងផ្លូវលើកកម្ពស់សណ្តាប់ធ្នាប់របៀបរៀបរយ និងសោភ័ណភាពជាដើម។
គម្រោងធំៗចំនួន ៣ក្រោមជំនួយថវិកាហិរញ្ញប្បទានធនាគារអភិវឌ្ឍន៍អាស៊ី ( ADB ) អនុវត្តន៍គម្រោងដោយក្រសួងសាធារណការ និងដឹកជញ្ជូនក្នុងខេត្តបាត់ដំនងរួមមានទី១ ការសាងសង់ទីលានចាក់សំរាមស្ដង់ដារនៅឃុំតាគ្រាម ស្រុកបាណន់ដែលបាននិងកំពុងប្រើប្រាស់ដែលជាទីលានចាក់សំរាមស្ដង់ដារធំជាងគេមួយនៅកម្ពុជា។
ទី២ គម្រោងសាងសង់ប្រព័ន្ធរំដោះទឹកកខ្វក់នៅប៉ែកខាងកើតស្ទឹងបានសាងសង់រួចរាល់កំពុងប្រមូលទឹកភ្លៀង និងទឹកកខ្វក់នៅប៉ែកខាងកើតស្ទឹងសង្កែយកទៅធ្វើប្រព្រឹត្តកម្មនៅអាងប្រព្រឹត្តកម្មទឹកកខ្វក់លើផ្ទៃដីទំហំ ១០ហិកតា នៅស្រុកសង្កែមុនបង្ហូរចូលទៅក្នុងប្រភពទឹកធម្មជាតិដែលអាចឲ្យប្រជាពលរដ្ឋប្រើប្រាស់ និងស្រោចស្រពដំណាំកសិកម្មផ្សេងៗយ៉ាងល្អប្រសើរ។
និងទី៣ គម្រោងសាងសង់ប្រព័ន្ធរំដោះទឹកកខ្វក់នៅប៉ែកខាងលិចស្ទឹង សម្រេចការសាងសង់រួចរាល់កាលពីចុងឆ្នាំ២០២៥ក៏កំពុងប្រមូលទឹកកខ្វក់ពីលំនៅដ្ឋានរបស់ប្រជាពលរដ្ឋយកទៅអាងប្រព្រឹត្តកម្មទឹកកខ្វក់លើផ្ទៃដីទំហំ ៨,៩ហិកតា នៅស្រុកថ្មគោល ចម្រោះទឹកកខ្វក់ទៅជាទឹកស្អាតល្អបានចំនួន ១២ ០០០ម៉ែត្រគូបនៅក្នុងមួយថ្ងៃ៕
ដោយ: ដំបងក្រញូងមានរឹទ្ធ









